បន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត៥៣៨នាក់ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក…
នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ព្រះមហាក្សត្រទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន៥៣៨នាក់ ក្នុងនោះមានស្រី ៤៣ នាក់ នេះបើតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងចំណោមទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនោះ រួមមាន?
ការបន្ថយទោស ៣ខែ ចំនួន៣៩១នាក់ ស្រី៣១នាក់ ការបន្ថយទោស ៦ខែ ចំនួន១៣២នាក់ ស្រី១០នាក់ ការបន្ថយទោស ៩ខែ ចំនួន១២នាក់ស្រី១នាក់ ការបន្ថយទោស ១២ខែ ចំនួន១នាក់ស្រី០នាក់ ការបន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំ ចំនួន១នាក់ ស្រី០ នាក់លើកលែងទោស ស្ត្រី១នាក់ ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថាគណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម។
១.ចំពោះបទល្មើសទូទៅ ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។
២.ចំពោះបទល្មើសរំលោភផ្លូវភេទជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕






